ការតស៊ូជម្នះដែលមនុស្សជោគជ័យទាំងអស់មានដូចគ្នា

ការតស៊ូជម្នះជាជំនាញអស្ចារ្យណាស់ ដែលជួយយើងឆាប់ក្រោករួចពីបញ្ហាលំបាក។ បើលោកអ្នកជាមនុស្សពូកែខាងតស៊ូជម្នះ លោកអ្នកមានសមត្ថភាពខាងក្នុងដើម្បីក្រោកឈរឡើងវិញនៅពេលដើរដួល។ លោកអ្នកបានរៀនរបៀបក្រោកឈរនិងបន្តដំណើរទៅមុខទៀត។ 

១/ បង្កើតរង្វង់នៃការទុកចិត្ត យើងទាំងអស់ត្រូវការមនុស្សដែលយើងអាចពឹងផ្អែកលើបាន។ ការបង្កើតរង្វង់មនុស្សដែលលោកអ្នកអាចពឹងអាស្រ័យលើបានជាគន្លឹះនៃការពង្រឹងការតស៊ូជម្នះក្នុងពេលជួបបញ្ហា។ មិត្តភក្តិជិតស្និទ្ធ ក្រុមគ្រួសារ និងមនុស្សដែលយើងស្រឡាញ់ សុទ្ធតែជាអ្នកគាំទ្រ។ មនុស្សទាំងអស់នេះផ្តល់កម្លាំងចិត្ត និងនៅរង់ចាំប្រាប់លោកអ្នកថាលោកអ្នកមិនមែនមានតែឯងទេ។ ពេលនៅជាមួយមនុស្សទាំងអស់នេះ លោកអ្នកអាចចែករំលែករឿងក្នុងចិត្តនិងក្តីបារម្ភទាំងអស់បានដោយមិនភ័យខ្លាចរឿងវាយតម្លៃអ្វីទាំងអស់។ 

 ២/ កែប្រែរបៀបមើលស្ថានភាពតានតឹង របៀបដែលយើងមើលស្ថានភាពតានតឹងអាចធ្វើឱ្យវិបត្តិមួយកាន់តែឈានទៅអាក្រក់ខ្លាំងថែមទៀតនៅក្នុងចិត្តឬអាចធ្វើឱ្យវាធូរស្ថានជាងមុន។ ការកែប្រែរបៀបមើលបញ្ហានេះស្ថិតនៅក្នុងចិត្តទាំងអស់ 

គឺបើសម្លឹងមើលក្នុងរបៀបវិជ្ជមាន វាអាចជួយផ្លាស់ប្តូរទស្សនៈ និងសម្រាលអារម្មណ៍តានតឹង។ គន្លឹះក្នុងចិត្តនេះពិតជាអាចផ្លាស់ប្តូរប្រតិកម្មតបរបស់លោកអ្នកចំពោះបញ្ហាជុំវិញខ្លួន។ សូមប្រុងប្រយ័ត្នចំពោះរបៀបដែលលោកអ្នកគិតអំពីបញ្ហា តើលោកអ្នកច្រើនតែផ្អៀងទៅរកសុទិដ្ឋិនិយម ឬទុទិដ្ឋិនិយម? បញ្ឈប់ខ្លួនឯងពីការរអិលធ្លាក់ទៅក្នុងការគិតរបៀបអវិជ្ជមាន។ ជំនួសមកវិញត្រូវមើលស្ថានការលំបាកក្នុងរបៀបជាបញ្ហាប្រឈមដែលមិនហួសពីសមត្ថភាពរបស់លោកអ្នកក្នុងការដោះស្រាយ។
៣/ ចាត់វិធានការណ៍ កុំបណ្តោយឱ្យខ្លួនឯងជាប់គាំងក្នុងការភ័យខ្លាចហួសហេតុនៅក្នុងពេលជួបវិបត្តិ។ រំឭកប្រាប់ខ្លួនឯងថាលោកអ្នកមិនមែនជាជនរងគ្រោះនៃព្រឹត្តិការណ៍ទេ គឺលោកអ្នកតែងតែអាចធ្វើអ្វីម្យ៉ាងដើម្បីដោះស្រាយបញ្ហា។ តាមរយៈការផ្តួចផ្តើមគំនិតធ្វើសកម្មភាព និងបោះជំហានបន្តិចម្តង លោកអ្នកអាចទទួលបានជំនឿចិត្តដើម្បីបោះជំហានធំ។ លោកអ្នកអាចបង្កើតការតស៊ូជម្នះតាមរយៈការរៀនធ្វើសកម្មភាពនៅក្នុងពេលជួបបញ្ហា។ កុំរង់ចាំនរណាម្នាក់មកសង្គ្រោះ។ ពិចារណារកមើលជំហានណាខ្លះដែលលោកអ្នកអាចដើរបានដើម្បីគ្រប់គ្រងលើស្ថានការណ៍។ តើលោកអ្នកអាចដកខ្លួនចេញពីបញ្ហាបានដោយរបៀបណា? លោកអ្នកមិនអាចអង្គុយបន់ស្រន់ឱ្យបញ្ហារសាត់ទៅឆ្ងាយទេ គឺមានតែធ្វើសកម្មភាពប៉ុណ្ណោះទើបអាចដោះស្រាយបញ្ហាបាន។ 

 ៤/ មានឥរិយាបថវិជ្ជមាន ផ្នត់គំនិតនិងឥរិយាបថដែលអ្នកមានចំពោះបញ្ហាអាចធ្វើឱ្យមានភាពខុសគ្នាឆ្ងាយណាស់ក្នុងរបៀបដែលលោកអ្នកដោះស្រាយ។ ការរក្សាក្តីសង្ឃឹមនិងសុទិដ្ឋិនិយមអាចជួយលោកអ្នកឱ្យមើលឃើញហួសពីស្ថានភាពទ័លច្រកចំពោះមុខ។ តាមរយៈការយកចិត្តទុកដាក់ចំពោះគំនិតអវិជ្ជមាន លោកអ្នកអាចនឹងផុងជាប់នៅក្នុងបញ្ហា។ នៅពេលលោកអ្នកគិតអំពីអនាគត សូមផ្តោតចិត្តលើរបៀបដែលស្ថានភាពអាចនឹងប្រសើរឡើងនិងសម្លឹងរ​កមើលលទ្ធភាពនិងឱកាសដែលនៅខាងមុខ។ បើមានគំនិតអវិជ្ជមានកើតឡើងភ្លាម សូមជំនួសដោយគំនិតវិជ្ជមានវិញ។

 ៥/ ទទួលបញ្ហាថាជាផ្នែកមួយនៃជីវិត មនុស្សជាច្រើនចំណាយពេលក្នុងជីវិតដើម្បីព្យាយាមគេចចេញពីការផ្លាស់ប្តូរ។ គ្រាន់តែគិតដល់រឿងផ្លាស់ប្តូរក៏ធ្វើឱ្យគេភ័យខ្លាចរួចទៅហើយចំពោះរឿងដែលមិនដឹងថានឹងមានអ្វីខ្លះអាចកើតឡើង។ ប៉ុន្តែការផ្លាស់ប្តូរនឹងកើតឡើងដោយជៀសមិនរួចទេ។ មធ្យោបាយសំខាន់មួយដែលមនុស្សជោគជ័យបង្កើតការតស៊ូជម្នះបានគឺតាមរយៈការទទួលយកការផ្លាស់ប្តូរគ្រប់បែបយ៉ាង។ គេផ្តោតចិត្តលើការប្រុងប្រៀបចាំទទួលយកការផ្លាស់ប្តូរ និងរៀនបត់បែនខ្លួនទៅតាមការផ្លាស់ប្តូរ។ មនុស្សជោគជ័យមើលឃើញការផ្លាស់ប្តូរថាជាផ្នែកសំខាន់នៃការកែប្រែរបៀបចាស់ៗនិងជាការទទួលយករបៀបច្នៃប្រឌិតថ្មីៗ។ មនុស្សយើងទាំងអស់នឹងជួបការផ្លាស់ប្តូរជាច្រើនក្នុងជីវិតតាំងពីរាងកាយផ្ទាល់ខ្លួនរហូតដល់ទំនាក់ទំនង។ បរិស្ថានការងារនិងបរិស្ថានក្នុងផ្ទះក៏នឹងផ្លាស់ប្តូរដែរ។

No comments:

Post a Comment