ក្រុមហ៊ុនឱសថ Shionogi នៃប្រទេសជប៉ុន កំពុងតែតាមពីក្រោយក្រុមហ៊ុនអាមេរិក ផលិតថ្នាំគ្រាប់ សម្រាប់ព្យាបាលជំងឺឆ្លងកូវីដ១៩ ដែលអាចលេងបងព្យាបាលនៅផ្ទះបាន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Wall Street Journal។
ប្រភពដដែលបានឱ្យដឹងទៀតថា ថ្នាំដែលក្រុមហ៊ុនជប៉ុន Shionogi កំពុងបង្កើតនេះ គឺមានសមត្ថភាពខ្ពស់អាចព្យាបាលអ្នកជំងឺឆ្លងវីរុសបំប្លែងថ្មី។ ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ គឺថ្នាំនេះតម្រូវឱ្យអ្នកជំងឺលេបមួយថ្ងៃ តែ១គ្រាប់តែប៉ុណ្ណោះ ខណៈថ្នាំដទៃទៀត ដូចជាថ្នាំរបស់ Pfizer គឺត្រូវឱ្យលេប២គ្រាប់ក្នុងមួយថ្ងៃ។
លោក Isao Teshirogi នាយកប្រតិបត្តិនៃក្រុមហ៊ុនឱសថ Shionogi បានមានប្រសាសន៍ថា «គោលដៅរបស់យើងគឺធ្វើឱ្យថ្នាំនេះក្លាយជាថ្នាំព្យាបាលដ៏មានសុវត្ថិភាព ដូចថ្នាំTamiflu និងថ្នាំ Xofluza ដែរ»។ លោកបន្ថែមថា ថ្នាំគ្រាប់ដែលក្រុមហ៊ុន Shionogi កំពុងតែដុតដៃដុតជើងខំស្រាវជ្រាវផលិតនេះ គឺអាចបន្សាបមេរោគបានត្រឹមរយៈពេល៥ថ្ងៃប៉ុណ្ណោះ។
ជាមួយគ្នានេះ ថ្នាំព្យាបាលរបស់ក្រុមហ៊ុន Shionogi កំពុងតែស្ថិតនៅក្នុងការសិក្សាបញ្ជាក់នៅឡើយ ហើយគេរំពឹងថានឹងត្រូវចំណាយពេលដល់ទៅឆ្នាំ។ យ៉ាងណាក៏ដោយ គេរំពឹងថាជប៉ុននឹងអាចផលិតថ្នាំនេះបានយ៉ាងជោគជ័យ ហើយពិភពលោកនឹងមានថ្នាំកាន់តែសម្បូរបែបសម្រាប់កំចាត់ជំងឺឆ្លងកូវីដ១៩៕

No comments:
Post a Comment