១.បង្កើនកិច្ចសហប្រតិបត្តិការជាសកល
ប្រជាជាតិនីមួយៗមានទំនាក់ទំនងគ្នាកាន់តែជិតស្និទ្ធឡើងជាងពេលណាៗទាំងអស់។ សូម្បីតែមុនឆ្នាំ ២០២០ ទីផ្សារភាគហ៊ុនសាកលមានការព្រួយបារម្ភយ៉ាងខ្លាំងទៅនឹងការបិទរោងចក្រនៅចិនដែលនឹងជះឥទ្ធិពលដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់របស់ពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ ការកើនឡើងនៃចរន្តសកលភាវូបនីយកម្មក៏បង្កើតឱកាសឲ្យមានការសហប្រតិបត្តិការថ្មីៗដែលផ្ដល់លទ្ធភាពដល់សហគ្រិននូវធនធានកាន់តែសំបូរបែបសម្រាប់ដោះស្រាយបញ្ហាធំៗចំពោះមុខ។ កិច្ចសហប្រតិបត្តិការជាសកលអនុញ្ញាតឲ្យសហគ្រិនទទួលបានការឱកាសចូលរួមស្វែងយល់ដកស្រង់បទពិសោធន៍ វប្បធម៌ និងបរិបទសង្គមនីមួយៗដែលមិនធ្លាប់ធ្វើបានកាលពីប៉ុន្មានទសវត្សកន្លងទៅ។
២.ការប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃ
តាមរយៈការប្រើប្រាស់ធនធានដែលអ្នកដទៃបានបង្កើតឡើង ឬបង្កើតឧបករណ៍បច្ចេកវិទ្យាដោយខ្លួនឯង សហគ្រិនអាចចូលរួមបង្កើតដំណោះស្រាយថ្មីដែលមានប្រសិទ្ធភាពជាងមុនក្នុងការដោះស្រាយបញ្ហាទាំងនោះ។ ការបង្កើតដំណោះស្រាយដោយការប្រើប្រាស់បច្ចេកវិទ្យាជាច្រើននៅពេលសព្វថ្ងៃនេះ មិនត្រឹមតែជួយសហគ្រិនឲ្យមានភាពច្នៃប្រឌិតជាមួយនឹងផលិតផល និងសេវាកម្មថ្មីៗប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងផ្តល់ភាពងាយស្រួលក្នុងការធ្វើឲ្យអាជីវកម្មដំណើរការទៅដោយរលូនជាងមុនផងដែរ។ ការកាត់បន្ថយការចំណាយ និងការទុកឲ្យប្រព័ន្ធបច្ចេកវិទ្យាធ្វើការជំនួសអ្នកដោយស្វ័យប្រវត្តិ នឹងធ្វើឲ្យអ្នកមានពេលបន្ថែមទៀតដើម្បីផ្តោតលើការខិតខំប្រឹងប្រែងក្នុងការផ្ដួចផ្ដើមសម្រាប់ដោះស្រាយបញ្ហាសំខាន់ៗដទៃទៀត។
៣.បង្ហាញឥទ្ធិពលជាវិជ្ជមាននៃអាជីវកម្មរបស់អ្នកនៅក្នុងសង្គមឲ្យបានច្រើន
អ្នកត្រូវចាំថា អ្នកកំពុងរស់នៅក្នុងបរិបទមួយដែលមនុស្សកាន់តែច្រើនឡើងចង់ដឹងថា ក្រុមហ៊ុន ឬអាជីវកម្មរបស់អ្នកកំពុងមានឥទ្ធិពលជាវិជ្ជមានកម្រិតណាដល់ពិភពលោក និងសហគមន៍របស់អ្នក។ យោងតាមរបាយការណ៍សិក្សាឆ្នាំ ២០១៥ របស់នីលែន (Nielsen study) បានរកឃើញថា ក្រុមហ៊ុនដែលមានម៉ាក ឬប្រេនដ៍ (Brand) ផ្តោតលើ «ការប្ដេជ្ញាចិត្តដល់និរន្តរភាព» ពិភពលោក មានកំណើន ៤% ពីមួយឆ្នាំទៅមួយឆ្នាំ បើប្រៀបធៀបទៅនឹងកំណើនតិចជាង ១% សម្រាប់គូប្រជែងរបស់ពួកគេ។ នេះបានឆ្លុះបញ្ចាំងពីវត្ថុបំណង និងទំនោររបស់អតិថិជនក្នុងការទិញផលិតផលពីម៉ាកយីហោក្រុមហ៊ុនដែលមានឥទ្ធិពលវិជ្ជមានដល់សង្គមរបស់ពួកគេ។ សហគ្រិនគឺជាអ្នកច្នៃប្រឌិត ដូច្នេះហើយការដែល ធ្វើឲ្យម៉ាកយីហោរបស់ពួកគេមានឥទ្ធិពលក្នុងសង្គមកាន់តែច្រើន នឹងជួយជំរុញឲ្យមានការគាំទ្រពីអតិថិជន។
៤.មានផ្នត់គំនិតជាអ្នកដោះស្រាយបញ្ហា
ខណៈដែលធនធាន និងឱកាសជាច្រើននៅពេលបច្ចុប្បន្នអាចជួយដល់សហគ្រិនបានយ៉ាងច្រើនសម្រាប់ដោះស្រាយបញ្ហាធំៗរបស់ពិភពលោក គ្មានអ្វីដែលអាចយកមកប្រៀបបានទៅនឹងផ្នត់គំនិតជាអ្នកដោះស្រាយបញ្ហាជាធំនោះទេ។ ក្នុងនាមជាសហគ្រិន អ្នកត្រូវដឹងថា អ្នកជាមនុស្សកើតមកជាមួយផ្នត់គំនិតអ្នករកស៊ី ផ្នត់គំនិតដោះស្រាយបញ្ហា ហើយតែងតែសម្លឹងមើលអ្វីដែលថ្មី និងវិធីដែលកាន់តែប្រសើរជាងនេះដើម្បីធ្វើ ឬដោះស្រាយបញ្ហាអ្វីមួយដែលកំពុងកើតមាននៅចំពោះមុខ៕
អត្ថបទដោយ ឆាវ ភី CHHAV PHY


No comments:
Post a Comment